តើអ្នកស្វែងរកអ្វី?
បងប្រុសម៉ាថាយ
មនុស្សជាច្រើនកំពុងស្វែងរកអត្ថន័យនៃជីវិតរបស់ពួកគេ។ ពួកគេស្វែងរកអ្វីមួយដ៏អស្ចារ្យជាងអ្វីដែលអេក្រង់ទូរសព្ទរបស់យើងតែងតែសន្យាងាយៗ។ តើព្រះជាម្ចាស់បានបង្កើតមនុស្ស ដើម្បីគោលដៅពិតប្រាកដអ្វីខ្លះ? តើមានអ្វីដែលអាចឱ្យយើងរកឃើញគោលដៅនោះ? នៅពេលយើងព្យាយាមរស់នៅដោយជឿទុកចិត្តលើព្រះជាម្ចាស់ ជួនកាលយើងសួរខ្លួនឯងថា៖
តើព្រះជាម្ចាស់រំពឹងអ្វីពីខ្ញុំ? យើងមានបំណងប្រាថ្នាច្រើនណាស់។ តើខ្ញុំអាចដើរជាមួយព្រះជាម្ចាស់តាមផ្លូវណា?
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ នៅតេហ្សេ (Taizé) យើងបានទទួលយុវជនដែលមកពីប្រទេសអ៊ុយក្រែន ប៉ាឡេស្ទីន លីបង់ នីការ៉ាហ្គា មីយ៉ាន់ម៉ា និងកន្លែងផ្សេងទៀតដែលកំពុងឆាបឆេះមានដោយសង្គ្រាម និងជម្លោះកំពុងឆាបឆេះ។ ជំនឿ និងការស្រេកឃ្លានរបស់ពួកគេចំពោះសន្តិភាពប្រកបយុត្តិធម៌យូរអង្វែង បានជួយយើងឱ្យមានកម្លាំងចិត្ត។ យើងក៏បានឮសក្ខីភាពពីមនុស្សដែលធ្វើការនៅហ្គាហ្សា ឬដែលមានសមាជិកគ្រួសាររបស់ពួកគេនៅទីនោះ។ យើងបានឃើញការឈឺចាប់របស់អស់អ្នកដែលមានមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង ហើយយើងឮសម្រែករបស់អស់អ្នកដែលស្វែងរកយុត្តិធម៌នៅក្រោមរបបគាបសង្កត់។ ខ្ញុំក៏បានចំណាយពេលវេលាខ្លះជាមួយបងប្អូននៃសហគមន៍តេហ្សេរបស់យើង ដែលរស់នៅក្នុងក្រុមតូចៗនៅប្រទេសប្រេស៊ីល និងគុយបា។ ប្រទេសប្រេស៊ីលនៅតែមានស្លាកស្នាមដោយមរតកនៃរបបភាពជាទាសករ និងវិសមភាពដ៏ធំធេង។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សដែលមិនព្រមបោះបង់ចោលឡើយ ពួកគេតស៊ូដើម្បីនៅក្បែរអ្នកក្រីក្របំផុត។ ជាពិសេស ខ្ញុំនឹកឃើញដល់សហគមន៍មួយក្នុងទីក្រុងសាល់វ៉ាឌ័រ (Salvador) ដែលមានជនអនាថាដេកនៅក្នុងព្រះវិហារ និងជួយគ្នាទៅវិញទៅមក។
នៅគុយបា ខ្ញុំបានឃើញប្រជាជនដ៏ក្លាហានដែលប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង។ ខ្ញុំបានជួបលោកយាយម្នាក់ដែលបានប្រគល់ប្រាក់សន្សំទាំងអស់របស់គាត់ ឱ្យចៅប្រុសមានរបស់ចាំបាច់ដើម្បីអាចចូលរៀន។ ដូចជនជាតិគុយបាជាច្រើនទៀត ម្តាយរបស់គេបានធ្វើចំណាកស្រុកដើម្បីស្វែងរកអនាគតដ៏ល្អប្រសើរ។
នៅកន្លែងជាច្រើន មនុស្សសួរខ្លួនឯងថា៖
តើខ្ញុំអាចប្រើសេរីភាពដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ ដើម្បីរួមសាមគ្គីជាមួយអស់អ្នកដែលកំពុងរងទុក្ខដោយរបៀបណា? ពួកគេស្វែងរកផ្លូវផ្សេងៗដើម្បីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃឱ្យបានជាក់ស្ដែង និងដើម្បីផ្តល់អត្ថន័យដល់ជីវិតរបស់ពួកគេដោយតាមរយៈការជួយ និងបម្រើ។
ពិភពលោករបស់យើងពិតជាស្រស់ស្អាត ក៏ប៉ុន្តែមានភាពអយុត្តិធម៌ជាច្រើនផងដែរ។ តើកន្លែងរបស់ខ្ញុំនៅឯណា? តើព្រះជាម្ចាស់សុំអ្វីខ្លះពីខ្ញុំ? នេះគឺជាសំណួរដែលខ្ញុំតែងតែមាននៅក្នុងចិត្ត នៅចំពោះមុខភាពស្មុគស្មាញនៃជីវិត និងជម្រើសផ្សេងៗដែលនៅចំពោះមុខខ្ញុំ។
នៅក្នុងដំណឹងល្អតាមសន្តយ៉ូហាន ព្រះបន្ទូលដំបូងរបស់ព្រះយេស៊ូគឺ៖ “តើអ្នកស្វែងរកអ្វី?” ខ្ញុំបានចែករំលែកសំណួរនេះជាមួយក្រុមយុវជនស្ម័គ្រចិត្តប្រាំមួយរូបនៅតេហ្សេ ដែលមកពីប្រាំមួយប្រទេសលើទ្វីបចំនួនបួន។ ខ្ញុំបានដកស្រង់សេចក្តីបន្តបន្ទាប់ទៀតនេះពីអ្វីដែលពួកគេបានចែករំលែកជាមួយខ្ញុំ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះពួកគេ ប្រមទាំងចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដែលជួយរៀបចំការជួបជុំនៅតេហ្សេ ដោយចំណាយពេលវេលាជាមួយសហគមន៍របស់យើងដើម្បីអធិដ្ឋាន និងស្វែងឈ្វេងយល់ឱ្យស៊ីជម្រៅនូវការត្រាស់ហៅរបស់ព្រះគ្រីស្តនៅក្នុងជីវិតរបស់ពួកគេ ។
បងប្រុសម៉ាថាយ
ស្វែងរកភាពស្ងៀមស្ងាត់
នៅពេលដែលយើងសួរយុវជនថា តើមានអ្វីសំខាន់បំផុតសម្រាប់ពួកគេ ក្រោយពីបានចំណាយពេលវេលាមួយសប្តាហ៍នៅតេហ្សេ ពួកគេជាច្រើននិយាយអំពីបទពិសោធន៍នៃភាពស្ងៀមស្ងាត់។ នៅក្នុងពិភពលោកដែលតភ្ជាប់គ្នាហួសហេតុ និងមានចលនាឥតឈប់ឈរ ចម្លើយនេះអាចធ្វើឱ្យយើងង្ងឿយងឿងឆ្ងល់។
នៅពេលដែលយើងដកខ្លួនចេញពីលំហូរព័ត៌មានដែលមិនចេះដាច់ ជួនកាលយើងជួបនឹងខ្លួនឯងយ៉ាងពិតប្រាកដនៅក្នុងភាពស្ងៀមស្ងាត់ ពេលនោះ យើងក៏អាចយល់ឃើញនូវអ្វីមួយដ៏អស្ចារ្យផ្សេងទៀត។
នៅក្នុងពីពិភពលោកដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានបង្កើត ខ្យល់ដង្ហើមខ្យល់ សំឡេងទឹកជ្រោះហូររងំ និងសំឡេងបក្សីយំ អាចរុំព័ទ្ធយើង និងនាំយើងឱ្យទៅកាន់ភាពស្ងៀមស្ងាត់នៅក្នុងចិត្ត ជាកន្លែងដែលយើងអាចរួបរួមយ៉ាងពិតប្រាកដជាមួយនឹងអ្វីៗទាំងអស់ដែលមានក្នុងលោកនេះ។ រាត្រីដែលមានផ្កាយព្រិចៗ អាចបំពេញចិត្តយើងដោយសេចក្តីស្ញប់ស្ញែង!
ព្រះយេស៊ូបានយាងមកក្នុងពិភពលោកដោយស្ងៀមស្ងាត់៖ “ព្រះបន្ទូលបានប្រសូតជាមនុស្ស ហើយព្រះអង្គបានតាំងទីលំនៅនៅកណ្តាលយើង”។ ព្រះអង្គដែលគង់នៅជាមួយព្រះជាម្ចាស់ ទ្រង់ដែលជាព្រះជាម្ចាស់តាំងពីមុនកំណើតអ្វីៗទាំងអស់ ព្រះអង្គបានយាងមកគង់នៅជាមួយយើង ដោយបន្ទាបខ្លួនប្រសូតជាមនុស្សក្រីក្រ នៅក្នុងភាពស្ងៀមស្ងាត់នៃរាត្រី៖“ព្រះអង្គជាពន្លឺដែលចាំងចែងក្នុងភាពងងឹត”។
ដូច្នេះ ពេលយើងនៅស្ងៀមស្ងាត់ នោះយើងមិនតែម្នាក់ឯងទេ។ ពេលនោះ យើងអាចជួបព្រះជាម្ចាស់ និងខ្លួនឯង។ នៅពេលយើងស្ងៀមស្ងាត់ យើងមិនមែននៅម្នាក់ឯងនោះទេ។ ប៉ុន្តែយើងតែងតែតទល់មិនចង់នៅស្ងៀម ព្រោះចិត្តរបស់យើងពោរពេញទៅដោយរឿងរ៉ាវជាច្រើន។ ដូចមានចែងក្នុងច្បាប់នៃសហគមន៍តេហ្សេ៖ “ប្រសិនបើអ្នកលែងផ្ដោតអារម្មណ៍ នៅពេលដែលអ្នកដឹងខ្លួន ចូរចូលទៅក្នុងការអធិដ្ឋានវិញភ្លាម ដោយមិនចាំបាច់ត្អូញត្អែរឡើយ”។
កាលពីច្រើនសតវត្សមុន មានម្នាក់បានអធិដ្ឋានថា៖ “ចិត្តទូលបង្គំប្រាប់ទូលបង្គំជួសព្រះអង្គថា៖ "ចូរស្វែងរកព្រះភក្ត្រយើង!" ព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ”។ នៅក្នុងភាពស្ងៀមស្ងាត់នៃចិត្តរបស់យើង តើយើងនឹងត្រឡប់មកស្វែងរកព្រះជាម្ចាស់ឥតឈប់ឈរដែរឬទេ? ជារឿយៗ ពេលអធិដ្ឋាននៅក្នុងស្ងៀមស្ងាត់ នោះយើងក៏មានបំណងប្រាថ្នាចង់បានសន្តិភាពនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ នៅពេលដែលយើងមិនដឹងថាត្រូវអធិដ្ឋានយ៉ាងដូចម្តេច ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅទីនោះ ទ្រង់អធិដ្ឋានក្នុងយើងដោយដកដង្ហើមធំជ្រៅជាងពាក្យសម្តីណានានាទាំងឡាយទាំងអស់។ ដោយតាមរយៈការស្តាប់ពីទីជម្រៅដែលជ្រៅបំផុតនៃចិត្តរបស់យើង យើងអាចយល់ថា ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅទីនោះហើយ។ ពេលនោះ ខ្ញុំក៏រកឃើញខ្លួនឯងនៅចំពោះមុខខ្លួនឯង និងនៅចំពោះមុខព្រះជាម្ចាស់ ដែលទ្រង់ដកដង្ហើមនៅក្នុងរូបខ្ញុំ។
ឱព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អើយ! សូមបង្រៀនទូលបង្គំឱ្យស្វែងរកព្រះអង្គក្នុងភាពស្ងៀមស្ងាត់នៃចិត្តទូលបង្គំ ក្នុងសោភណភាពនៃអ្វីៗដែលព្រះអង្គបានបង្កើត ដោយស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និងដោយទទួលវត្តមានដ៏ទន់ទាបរបស់ព្រះអង្គ។
តើយើងអាចប្តេជ្ញាចិត្តចំណាយពេលបន្តិចបន្តួចរៀងរាល់ថ្ងៃក្នុងភាពស្ងៀមស្ងាត់ ដើម្បីចូលទៅក្នុងវត្តមានរបស់ព្រះជាម្ចាស់បានដែរឬទេ? ប្រហែលជាយើងអាចចាប់ផ្តើមត្រឹមតែប្រាំនាទីប៉ុណ្ណោះ។ យើងអាចចាប់ផ្តើមដោយអានវគ្គខខ្លីៗនៃព្រះគម្ពីរ ឬអរព្រះគុណរចំពោះអ្វីដែលយើងបានទទួលក្នុងកាលពីប៉ន្មានថ្ងៃកន្លងមក ឬគ្រាន់តែចំណាយពេលដើម្បីនៅទីនោះ។
ស្វែងរកទិសដៅ
ពេលយើងនៅស្ងៀម យើងអាចរិះគិតពិចារណាយ៉ាងត្រឹមត្រូវបាន។ នៅពេលដែលយើងស្វែងរកថា តើត្រូវដើរទៅទិសដៅណា ភាពស្ងៀមស្ងាត់ឱ្យយើងស្តាប់នូវអ្វីដែលជ្រៅបំផុតនៅក្នុងខ្លួនយើង។ យើងក៏ត្រូវការសេរីភាពខាងក្នុងដែរ ដើម្បីអាចសម្រេចចិត្តដោយចេះទទួលខុសត្រូវ។ សេរីភាពបែបនេះ ទាមទារឱ្យយើងទទួលស្គាល់ដែនកំណត់របស់យើង ប៉ុន្តែដោយមិនភ័យខ្លាចឡើយ៖ «ព្រោះការភ័យខ្លាចមិនមែនជាអ្នកផ្តល់ប្រឹក្សាដ៏ល្អនោះទេ ហើយព្រះជាម្ចាស់ក៏មិនដែលបង្ខំចិត្តរបស់យើងដែរ»។ យើងទាំងអស់គ្នាស្វែងរកសហគមន៍ ព្រមទាំងសុវត្ថិភាពជាក់លាក់ណាមួយ។ នៅពេលយើងស្វែងរករបៀបរស់នៅដ៏ពិតប្រាកដមួយ ជួនកាល យើងរកឃើញខ្លួនឯងតាមរយៈអ្នកដទៃ។ តាមរយៈពួកគេ យើងអាចភ្ញាក់ផ្អើលរកឃើញអ្វីមួយដែលយើងមិនអាចរកឃើញដោយខ្លួនឯងបាន។
នៅក្នុងដំណឹងល្អតាមសន្តយ៉ូហាន នៅក្នុងជ្រលងភ្នំទន្លេយ័រដាន់ យុវជនពីរនាក់នៅជាមួយគ្រូរបស់ពួកគេ គឺលោកយ៉ូហានបាទីស្ត ពួកគេទុកចិត្តលើលោក។ ដោយមិនចង់រក្សាពួកគេទុកសម្រាប់តែខ្លួនឯង លោកយ៉ូហានបាទីស្តក៏បានណែនាំពួកគេឱ្យទៅរកម្នាក់ទៀត គឺព្រះយេស៊ូ។ ពួកគេក៏ដើរតាមព្រះអង្គទៅ។
នៅពេលព្រះយេស៊ូឃើញពួកគេ ព្រះអង្គសួរថា៖ “តើអ្នករាល់គ្នាស្វែងរកអ្វី?” នៅពេលពួកគេឆ្លើយថា៖ “លោកគ្រូ តើលោកស្នាក់នៅឯណា?” ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ “សូមអញ្ជើញមក អ្នកនឹងឃើញ”។
សំណួរទាំងពីរនេះ សង្ខេបនូវដំណើរការទាំងមូលនៃការស្វែងរក និងការរកឃើញទិសដៅសម្រាប់ជីវិតជាមួយព្រះគ្រីស្ត។ ដោយចាប់ផ្តើមពីបំណងប្រាថ្នារបស់យើងផ្ទាល់ ពីការជំរុញចិត្តរបស់យើងទៅរកជីវិតពេញលេញជាងមុន៖
“តើអ្នករាល់គ្នាស្វែងរកអ្វី?”
យើងអាចដាក់សំណួរទាំងនោះនៅចំពោះមុខព្រះយេស៊ូ
“លោកគ្រូតើលោកស្នាក់នៅឯណា?”
ព្រះយេស៊ូដែលអញ្ជើញយើងឱ្យ “មកមើល” មានព្រះហឬទ័យសុភាព ហើយទ្រង់ក៏បន្ទាបខ្លួន។ ព្រះអង្គស្រឡាញ់យើងដោយសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌ ដែលរឹងមាំ និងអាចទុកចិត្តបានក្នុងគ្រប់កាលៈទេសៈ។ តើខ្ញុំហ៊ានឆ្លើយតបនឹងការអញ្ជើញរបស់ព្រះអង្គដែរឬទេ ទោះបីជាខ្ញុំនៅស្ទាក់ស្ទើរ ឬនៅសង្ស័យក៏ដោយ?
ព្រះគ្រីស្តយេស៊ូអើយ! សូមបង្ហាញផ្លូវ និងរៀបចំចិត្តគំនិតរបស់ខ្ញុំឱ្យខ្ញុំដើរតាម។
តើនរណាខ្លះដែលបានណែនាំខ្ញុំឱ្យទៅរកព្រះគ្រីស្ត? ចូរយើងចំណាយពេលបន្តិច ដើម្បីថ្លែងអំណរគុណចំពោះពួកគេ។
ស្វែងរកអំណរ
យុវជនស្ម័គ្រចិត្តម្នាក់នៅតេហ្សេបានប្រាប់ខ្ញុំថា៖ “នៅប្រទេសខ្ញុំ យុវជនទាំងនោះព្យាយាមរស់រានមានជីវិតនៅក្នុងពិភពលោកដែលផ្តល់ឱ្យគ្រប់បែបយ៉ាង ប៉ុន្តែជម្រៅចិត្តរបស់ពួកគេពោរពេញដោយការភ័យខ្លាច ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត”។
នៅជុំវិញខ្លួនយើង គេតែងតែសន្យាឱ្យយើងថា យើងនឹងមានអំណរសប្បាយ។ ប៉ុន្តែ ពាក្យសន្យាជាច្រើនបរាជ័យនាំឱ្យនាំអំណរដ៏យូរអង្វែង ហើយផ្តល់ឱ្យយើងត្រឹមតែការសប្បាយមួយភ្លែតប៉ុណ្ណោះ។
អំណរផុសចេញពីជម្រៅចិត្តរបស់យើង នៅពេលដែលយើងដឹងថា ព្រះជាម្ចាស់ស្រឡាញ់យើងដើម្បីយើង។ នៅពេលដែលយើងយល់ថា អំណរជាព្រះអំណោយទាន មិនមែនជាអ្វីដែលយើងអាចទាមទារបាននោះទេ ពេលនោះ យើងរកឃើញថា យើងត្រៀមខ្លួនជាស្រេចដើម្បីទទួលអំណរនេះ។ នៅពេលនោះ យើងមិនព្យាយាមបង្កើតអំណរដោយបង្ខំចិត្តទៀតឡើយ អំណរនេះនាំយើងទៅមុខដោយមានចិត្តស្រាល។
គេបានអញ្ជើញព្រះយេស៊ូឱ្យចូលរួមក្នុងពិធីមង្គលការជាមួយមិត្តភក្តិរបស់ព្រះអង្គ ហើយនៅពេលបន្ទាប់មក ស្រាក៏ចាប់ផ្តើមអស់។ នៅក្នុងខណៈនោះពេលដែលមានអ្វីមួយខ្វះខាត៖ ព្រះយេស៊ូគង់នៅក្នុងចំណោមអ្នកក្រីក្រ។ ដោយជួបពួកគេនៅក្នុងភាពក្រីក្រ ព្រះអង្គប្រទាននូវអ្វីដែលលើសពីការរំពឹងទុករបស់ពួកគេទៅទៀត។ អ្វីដែលព្រះអង្គចង់បានសម្រាប់ពួកគេ គឺអំណរ ហើយព្រះអង្គធ្វើគ្រប់យ៉ាងដើម្បីឱ្យអំណរនោះអាចកើតមានឡើងបាន។
កាលពីច្រើនឆ្នាំមុន ខ្ញុំនៅទីក្រុងកុលកាតា (Kolkata) នៅទីស្នាក់ការនៃក្រុមបុព្វជិតាមេត្តាការុណា (Missionaries of Charity)។ នៅលើជញ្ជាំង មានព្យួរនូវសម្រង់សម្តីរបស់អ្នកម្ដាយតេរេសា (Mother Teresa) ដែលបានរំលឹកខ្ញុំថា ព្រះជាម្ចាស់ទទួលយើង ទោះជាយើងជាមនុស្សទន់ខ្សោយ ហើយព្រះអង្គមិនតម្រូវឱ្យយើងទៅជាមនុស្សដ៏ល្អឥតខ្ចោះនោះទេ។ យើងមិនចាំបាច់ធ្វើជាមនុស្សខ្លាំងគ្រប់ពេលវេលានោះឡើយ។
ភាពក្រីក្រខាងក្នុងរបស់យើងអាចធ្វើឱ្យយើងខ្លាចថា ខ្លួនឯងមិនល្អគ្រប់គ្រាន់។ រឿងនេះតែងតែនាំឱ្យយើងលាក់បាំងនូវលក្ខណៈពិតប្រាកដរបស់យើង នៅក្នុងជម្រៅចិត្ត។ ប៉ុន្តែ ប្រសិនបើយើងយល់ព្រមឈរនៅចំពោះមុខព្រះគ្រីស្តដោយដៃទទេ ព្រះអង្គនឹងយាងមកបំពេញដៃយើង ដោយផ្លាស់ប្តូរភាពក្រីក្រនេះបន្តិចម្តងៗ។
សូម្បីតែនៅក្នុងគ្រាលំបាក ដែលអំណរហាក់ដូចជានៅឆ្ងាយ ក៏យើងនៅតែអាចចងចាំនូវព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលនិយាយអំពីអំណរ ដែលគ្មាននរណាម្នាក់អាចដកហូតពីយើងបានឡើយ។
ឱព្រះជាម្ចាស់នៃធម៌មេត្តាករុណាអើយ! យើងខ្ញុំចង់ទទួលអំណររបស់ព្រះអង្គ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយដែលយើងខ្ញុំកំពុងឆ្លងកាត់។ នៅពេលដែលយើងខ្ញុំយល់ថា ព្រះអង្គស្រឡាញ់យើងខ្ញុំ ហើយព្រះអង្គបើកផ្លូវនៃជីវិតដែលមិនចេះចប់មិនចេះហើយដល់យើងខ្ញុំ អំណរផុសចេញពីជម្រៅចិត្តយើងខ្ញុំ។
ចូរយើងពិចារណាអំពីអ្វីដែលយើងអាចធ្វើបាន ដើម្បីនាំមកនូវអំណរដល់អ្នកដទៃ។ យើងអាចជួបនរណាម្នាក់ដោយផ្ទាល់ ជាជាងជួបគ្នាតាមរយៈបច្ចេកវិទ្យា។ ជួនកាល ដោយបម្រើគេ ដោយបន្ទាបខ្លួន ដោយផ្តល់អ្វីមួយឱ្យអ្នកដទៃ ខ្ញុំទទួលមកវិញនូវអ្វីដែលជាច្រើនដែលច្រើនជាងខ្ញុំបានរំពឹងទុកទៅទៀត ជាពិសេសនៅពេលដែលខ្ញុំឃើញអំណរនៅលើផ្ទៃមុខរបស់អ្នកដែលខ្ញុំកំពុងបម្រើ។
ស្វែងរកឈ្វេងយល់អំពីអត្ថន័យ
នៅក្នុងចិត្ត យើងម្នាក់ៗតែងតែស្រេកឃ្លានចង់ដឹងពីអត្ថន័យនៃជីវិត។ តើយើងអាចបំបាត់ការស្រេកឃ្លាននេះនៅឯណា? នៅចំកណ្ដាលនៃជីវិតដ៏មមាញឹករបស់យើង មានសំឡេងដ៏ស្រទន់មួយខ្សឹបប្រាប់យើងថា ព្រះជាម្ចាស់ស្រឡាញ់យើង។
មេដឹកនាំសាសនាម្នាក់ឈ្មោះ នីកូដេម ដែលកំពុងស្វែងរកឈ្វេងយល់ពីអត្ថន័យដ៏ពិតប្រាកដនៃជីវិតរបស់គាត់ បានឮគេនិយាយអំពីព្រះយេស៊ូ។ គាត់បានមកជួបព្រះអង្គនៅពេលយប់ គាត់រកមធ្យោបាយ ដើម្បីបញ្ចេញនូវអ្វីដែលគាត់មាននៅក្នុងជម្រៅចិត្ត។ ជារឿយៗ យើងមិនសូវបញ្ចេញសំណួរដ៏ជ្រាលជ្រៅបំផុតរបស់យើងអំពីជំនឿ ជីវិត និងសេចក្តីស្លាប់ អត្ថន័យ និងគោលបំណងនៃជីវិតរបស់យើងឡើយ។ ប៉ុន្តែដរាបណាយើងមិនពោលសំណួរទាំងនោះចេញមក អ្វីមួយនៅក្នុងខ្លួនយើងនឹងនៅតែមិនទាន់ស្កប់ស្កល់ — ដូចចំពោះលោកនីកូដេមអញ្ចឹងដែរ។
នៅក្នុងការស្វែងរកឈ្វេងយល់របស់យើង តើយើងនឹងចេះដើរតាមសំណួររបស់យើងរហូតដល់ប្រភពនៃជីវិតដែរឬទេ? ប្រហែលជាយើងមិនអាចរកឃើញចម្លើយទាំងអស់នោះទេ ប៉ុន្តែដោយហ៊ានដើរតាមព្រះគ្រីស្ត យើងនឹងផ្ញើទុកនូវចម្ងល់របស់យើងទៅលើព្រះជាម្ចាស់ ដោយជឿទុកចិត្តលើព្រះអង្គយ៉ាងច្បាស់លាស់។ នៅពេលនោះ យើងរកឃើញនូវព្រះហឫទ័យសប្បុរស និងថ្នាក់ថ្នមរបស់ព្រះជាម្ចាស់ដែលកំពុងឱបក្រសោបយើង។
អត្ថន័យនៃជីវិតរបស់ព្រះយេស៊ូ មិនមែនដើម្បីកាត់ទោសមនុស្សលោកឡើយ ប៉ុន្តែព្រះអង្គយាងមក ដើម្បីឱ្យមនុស្សទាំងអស់យល់ថា ព្រះជាម្ចាស់ស្រឡាញ់ពួកគេ។ ព្រះអង្គយាងមកដើម្បីបង្ហាញឱ្យយើងស្គាល់ផ្លូវនៃសេចក្តីស្រឡាញ់កាន់តែអស្ចារ្យឡើងៗជាលំដាប់។ នេះហើយជាទីស្ងាត់កំបាំងរបស់ព្រះអង្គ។
លោកនីកូដេមបានឈានជើងចូលទៅកាន់ពន្លឺបន្តិចម្តងៗ។ មួយឬពីរឆ្នាំក្រោយពីបានជួបព្រះយេស៊ូនៅពេលយប់ គាត់បានចេញមុខការពារព្រះអង្គជាសាធារណៈនៅចំពោះមុខអាជ្ញាធរក្រុងយេរូសាឡឹម។ ប៉ុន្មានខែក្រោយមក នៅពេលដែលព្រះយេស៊ូត្រូវបានគេបោះដែកគោលលើឈើឆ្កាង គាត់មានចិត្តក្លាហានយ៉ាងខ្លាំង។ គាត់បានហ៊ានចូលរួមបង្ហាញខ្លួនជាក្រុមមិត្តភក្តិរបស់ព្រះយេស៊ូ។ ដោយសារគាត់មានចិត្តក្លាហាន បានជាគាត់បានចូលទៅក្នុងសហគមន៍។
ឱ!ពន្លឺដ៏ស្រទន់អើយ! សូមដឹកនាំទូលបង្គំដែលនៅកណ្តាលភាពងងឹតជុំវិញទូលបង្គំ សូមដឹកនាំទូលបង្គំផង! ទូលបង្គំមិនទាមទារមើលឃើញទេសភាពដ៏ឆ្ងាយនោះទេ៖ ត្រឹមតែមួយជំហានគឺគ្រប់គ្រាន់សម្រាប់ទូលបង្គំហើយ។
ចូរយើងព្យាយាមរៀបចំការជួបជុំមួយ ដែលមនុស្សគ្រប់គ្នាអាចចែករំលែកអំពីរបៀបដែលពួកគេស្វែងរកឈ្វេងយល់ពីអត្ថន័យនៃជីវិតរបស់ពួកគេ។ សម្រាប់អ្នកចំពោះបងប្អូនខ្លះ អត្ថន័យនៃជីវិតមានរកឃើញតាមរយៈជំនឿរបស់ពួកគេ សម្រាប់ចំពោះអ្នកផ្សេងទៀត តាមរយៈសកម្មភាពណាមួយ ហើយសម្រាប់អ្នកខ្លះទៀត ពួកគេនឹងមានសំណួរច្រើនជាងចម្លើយ។ បើយើងចែករំលែកបែបនេះ និងចេះស្តាប់គ្នាដោយយកចិត្តទុកដាក់ ប្រជុំនោះអាចទៅជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើសមស្រប យើងអាចចាប់ផ្តើមដោយច្រៀងចម្រៀងផ្ដើម សូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក និងបញ្ចប់ដោយមានបទចម្រៀងអរព្រះគុណ។
ស្វែងរកពិភពលោកដ៏យុត្តិធម៌
អយុត្តិធម៌ - ទោះបីត្រឹមតែជាការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី វិសមភាព អំពើហិង្សា ការគាបសង្កត់ ឬសង្គ្រាមនោះទេ - គឺតែងតែដាស់តឿនឱ្យយើងមានអារម្មណ៍គ្រប់បែបយ៉ាងនៅក្នុងចិត្ត ដូចជាយើង មិនសុខចិត្ត យើងខឹង យើងកើតទុក្ខ និងជួនកាលយើងក៏អស់សង្ឃឹមផងដែរ។ ប៉ុន្តែ នៅពេលដែលយើងសម្រេចចិត្តចូលរួមក្នុងសមរភូមិប្រឆាំងនឹងអយុត្តិធម៌ តើយើងអាចមានគ្រោះថ្នាក់ដោយបង្ខាំងខ្លួនឯងនៅក្នុងមតិផ្ទាល់ខ្លួន រហូតដល់មើលមិនឃើញអ្វីដែលនៅខាងក្រៅនោះទេឬ? យើងក៏អាចទៅជាអ្នកទោសក្នុងក្បួនដោះស្រាយ (algorithm) ផ្ទាល់ខ្លួន និងធ្លាក់ក្នុងគំនិតជ្រុលនិយមដែលកំពុងគំរាមកំហែងសង្គមរបស់យើងដែរ។
ចូរយើងចាកចេញពីក្របខណ្ឌរបស់យើង ហើយឱ្យទស្សនៈខុសប្លេកប្លែកពីយើងមកចោទសួរយើង ទោះបីជាក្នុងករណីខ្លះ យើងមិនអាចឈានដល់កិច្ចព្រមព្រៀងនឹងគ្នាក៏ដោយ។
ជួនកាល យើងត្រូវតែយល់ព្រមទទួលតថភាពដ៏ស្មុគស្មាញជាច្រើនមកដាក់ជាមួយគ្នា នៅទីត្រង់ចំណុចទាំងឡាយណាដែលហាក់ដូចជាគ្មានដំណោះស្រាយណាមួយបានឡើយ។ យើងអាចរំភើបចិត្តយ៉ាងខ្លាំងដោយស្តាប់រឿងរ៉ាវដែលមកពីភាគីផ្សេងៗគ្នា ប៉ុន្តែបើយើងមិនព្រមស្តាប់រឿងរ៉ាវទាំងនោះ យើងក៏ប្រព្រឹត្តអំពើអយុត្តិធម៌។
បន្ទាប់ពីបានអធិដ្ឋានពេលល្ងាចនៅក្នុងព្រះវិហារតេហ្សេ យុវតីម្នាក់បានប្រាប់ខ្ញុំថា៖ “ខ្ញុំត្រូវតែទទួលស្គាល់អំពើហិង្សាដែលមាននៅក្នុងខ្លួនខ្ញុំ ប៉ុន្តែ ខ្ញុំក៏ត្រូវដាក់អំពើហិង្សានេះនៅក្បែរនៃតម្រូវការរបស់ខ្ញុំឱ្យសញ្ជឹងគិតដល់ព្រះជាម្ចាស់ផងដែរ”។ ខ្ញុំយល់ថា បើធ្វើដូច្នេះ យើងក៏មានសេរីភាពមែន។ នាងមិនបានបង្ក្រាបអារម្មណ៍នោះ ឬធ្វើហាក់ដូចជានាងគ្មានអារម្មណ៍នោះទេ នាងបានថ្វាយអារម្មណ៍នោះរួមជាមួយការស្រេកឃ្លានព្រះជាម្ចាស់របស់នាងវិញ។
ត្រូវតែប្រយ័ត្នកុំឱ្យកម្លាំងបំផ្លិចបំផ្លាញដែលមាននៅក្នុងខ្លួនយើងម្នាក់ៗគ្រប់គ្រងលើរូបយើង។ យើងងាយស្រួលណាស់ក្នុងការចាត់ទុកមនុស្ស - ឬប្រជាជាតិទាំងមូល - ថាជាបិសាច។ បន្ទាប់មក យើងប្រឈមGacធ្លាក់ចូលទៅក្នុងវដ្តនៃអំពើហិង្សា និងបន្តវដ្តនេះទៅមុខទៀត។ ការតម្កល់ចិត្តឱ្យស្ងប់ ការអធិដ្ឋាន បើកឱ្យយើងឃើញនូវវិមាត្រមួយទៀត និងដឹកនាំយើងឱ្យផ្សះផ្សាជាមួយអ្វីដែលយើងមាននៅក្នុងខ្លួន ហើយជួយយើងឱ្យរកឃើញផ្លូវដើម្បីកសាងស្ពានចម្លង។
ព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅទីនោះ ទ្រង់ដឹកនាំយើងនៅលើផ្លូវ ដើម្បីឱ្យយើងអាចធ្វើការសម្រេចចិត្តដោយមានចិត្តក្លាហាន។ បងប្រុស រ៉ូហ្សេ (Roger) ដែលបានផ្តួចផ្តើមជីវិតសហគមន៍របស់យើងនៅតេហ្សេ ធ្លាប់មានប្រសាសន៍ថា អ្នកកសាងសន្តិភាពប្រើហិង្សាដើម្បីច្នៃប្រឌិតសន្តិភាពនេះ” ជាហេតុនាំឱ្យពួកគេមិនចុះចាញ់នឹងការល្បួងឱ្យចាកចេញពីផ្លូវនៃដំណឹងល្អ។
ព្រះយេស៊ូជារូបតំណាងនៃពិភពលោកដ៏យុត្តិធម៌ និងទំនាក់ទំនងដ៏ត្រឹមត្រូវ ដែលដំណឹងល្អហៅថា ព្រះរាជ្យរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះអង្គក៏ធ្លាប់ខ្ញាល់ ហើយបានផ្កាប់តុផ្ដួលរលំរបស់របរនានារបស់អ្នកលក់ដូរ និងអ្នកប្តូរប្រាក់នៅក្នុងព្រះវិហារ ដើម្បីផ្តល់អត្ថិភាពដល់ព្រះជាម្ចាស់ផងដែរ។ ព្រះយេស៊ូមានព្រះបន្ទូលយ៉ាងខ្លាំងៗប្រឆាំងនឹងភាពពុតត្បុតខាងសាសនា ប៉ុន្តែព្រះអង្គក៏ចេះទទួលស្គាល់មេដឹកនាំសាសនាដូចលោកនីកូដេមផងដែរ។ ព្រះអង្គស្គាល់ពួកផារិរីស៊ី ហើយបានសុខចិត្តទៅផ្ទះរបស់ពួកគេ ព្រមទាំងសោយអាហារជាមួយអស់អ្នកដែលសង្គមបដិសេធទៀតផង។ ព្រះអង្គមានសេចក្តីស្រឡាញ់មិនចេះប្រែប្រួលចំពោះចៀមវង្វេងនៃប្រជាជនអ៊ីស្រាអែលរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គក៏បានកោតសរសើរចំពោះជំនឿរបស់មន្ត្រីរ៉ូម៉ាំងម្នាក់ ហើយបានប្រោសកូនរបស់គាត់ឱ្យជាសះស្បើយ។ លើសពីនេះ ព្រះអង្គក៏បានឱ្យជំនឿរបស់ស្ត្រីដែលមិនជឿលើព្រះជាម្ចាស់ម្នាក់ ដែលព្រះអង្គបានជួបក្នុងអំឡុងពេលធ្វើដំណើរទៅបរទេស មកចោទសួរ និងជំរុញព្រះហឫទ័យរបស់ព្រះអង្គផងដែរ។
ដោយហ៊ានបង្កើតទំនាក់ទំនងជាមួយមនុស្សដែលមានលក្ខណៈខុសប្លែកពីព្រះអង្គ ព្រះយេស៊ូបានធ្វើឱ្យមានទំនុកចិត្តកើតឡើង និងបានបង្ហាញពីឬទ្ធានុភាពនៃព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។
ប្រសិនបើយើងដឹងថា ពន្លឺចាំងចែងនៅក្នុងភាពងងឹត ហើយដោយប្រព្រឹត្តកិច្ចការសាមញ្ញៗពោរពេញដោយសប្បុរសធម៌ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចទទួលជ័យជម្នះ នោះយើងនឹងមានសេរីភាព ដើម្បីក្នុងការធ្វើសកម្មភាព។
ឱព្រះគ្រីស្តយេស៊ូអើយ! ក្នុងព្រះជន្មរបស់ព្រះអង្គនៅលើផែនដីនេះ ព្រះអង្គមិនបានស្ទាក់ស្ទើរថ្កោលទោសអយុត្តិធម៌ឡើយ ប៉ុន្តែព្រះអង្គបានខិតខំកសាងស្ពានចម្លងជាមួយមនុស្សដែលព្រះអង្គបានជួបនៅតាមផ្លូវ។ សូមជួយឱ្យយើងខ្ញុំស្រេកឃ្លានកាន់តែខ្លាំងឡើងៗ ក្នុងការដើម្បីកសាងផ្លូវឆ្លងកាត់ការបែកបាក់ដែលបែងចែកបុគ្គល និងប្រជាជាតិនានា ដើម្បីឱ្យយុត្តិធម៌អាចរីកដុះដាលនៅលើផែនដីនេះ។
តើយើងអាចធ្វើជំហានជាក់ស្តែងអ្វីខ្លះ ដើម្បីកសាងស្ពានចម្លងនៅទីណាមានការបែកបាក់? យើងពិបាកធ្វើសកម្មភាពតែម្នាក់ឯង។ ចូរយើងពិចារណាជាមួយអ្នកដទៃ ចូរយើងចែករំលែកគំនិតរបស់យើង ហើយរួមគ្នាទៅជួបងស់អ្នកដែលរស់នៅតាមជាយសង្គម។ តើការស្តាប់មនុស្សដែលមានមតិខុសពីយើង និងការស្វែងយល់ពីការភ័យខ្លាចរបស់ពួកគេ មានន័យយ៉ាងដូចម្តេច ខណៈពេលដែលយើងនៅតែស្មោះត្រង់ចំពោះគុណតម្លៃនៃដំណឹងល្អ?
ស្វែងរកសហគមន៍
នៅថ្ងៃមួយ យុវជនស្ម័គ្រចិត្តម្នាក់នៅតេហ្សេបានប្រាប់ខ្ញុំថា៖ “ខ្ញុំចង់រស់នៅឱ្យស្របតាមគុណតម្លៃរបស់ខ្ញុំ និងគុណតម្លៃនៃដំណឹងល្អ។ នៅពេលខ្ញុំធ្វើការសម្រេចចិត្តអ្វីមួយ ខ្ញុំសួរខ្លួនឯងថា៖ តើអ្នកដទៃ ភពផែនដី និងខ្លួនខ្ញុំអាចទទួលការសម្រេចចិត្តនេះបានដែរឬទេ? យើងចង់កសាងពិភពលោកមួយឱ្យកាន់តែប្រសើរឡើង។”
ការរស់នៅក្នុងសហគមន៍ជាមួយអ្នកដទៃ ជាមួយអ្វីៗដែលព្រះជាម្ចាស់បានបង្កើត និងជាមួយព្រះជាម្ចាស់ - បន្ទាប់ពីការរស់នៅដាច់ដោយឡែកក្នុងអំឡុងពេលជំងឺរាតត្បាត (Covid) តើយើងត្រៀមខ្លួនជាស្រេចដើម្បីកសាងពិភពលោកដែលយើងរួបរួមជាមួយគ្នា ដោយមានចិត្តទូលាយចំពោះគ្នាទៅវិញទៅមកដែរឬទេ? អ្វីគ្រប់យ៉ាងតភ្ជាប់នឹងគ្នាឡើង៖ យើងជាកម្មសិទ្ធិចំពោះគ្នាទៅវិញទៅមកនៅក្នុងផ្ទះរួមរបស់យើង គឺអ្វីៗដែលព្រះជាម្ចាស់បានបង្កើត ដើម្បីឱ្យយើងរស់នៅជាមួយគ្នា។
នៅក្បែរឈើឆ្កាង សហគមន៍របស់ព្រះយេស៊ូបានបែកបាក់គ្នា។ យូដាសបានក្បត់ព្រះអង្គ។ សិលាបានបដិសេធមិនទទួលស្គាល់ព្រះអង្គ។ មិត្តភក្តិភាគច្រើនរបស់ព្រះអង្គបានរត់គេចខ្លួនបាត់អស់។ រាល់កិច្ចការដែលព្រះយេស៊ូបានធ្វើដើម្បីកសាងជីវិតឱ្យយើងរួបរួមជាមួយគ្នាដោយមានចិត្តស្រឡាញ់ និងចិត្តបើកចំហសម្រាប់មនុស្សគ្រប់គ្នា ហាក់ដូចជាត្រូវបានរលាយសាបសូន្យទៅជាសូន្យ។ ព្រះអង្គបានហ៊ានបូជាព្រះជន្ម សូម្បីតែសម្រាប់អស់អ្នកដែលនឹងបដិសេធព្រះអង្គក៏ដោយ។ ប៉ុន្តែ នៅក្នុងភាពងងឹតបំផុតនៃរាត្រី សហគមន៍បានកើតជាថ្មីម្តងទៀតនៅក្បែរឈើឆ្កាង។
តាមដំណឹងល្អរបស់សន្តយ៉ូហាន ស្ត្រីបួននាក់ និងបុរសម្នាក់បាននៅក្បែរព្រះយេស៊ូរហូតដល់ទីបញ្ចប់។ ដោយគ្មានពាក្យសម្តី គឺគ្រាន់តែមានវត្តមាននៅទីនោះ ពួកគេបានក្លាយជាសាក្សីនៃការរួបរួមដែលព្រះយេស៊ូនៅតែបន្តបង្កើត ទោះបីជាអ្វីៗទាំងអស់ហាក់ដូចជាត្រូវបានបាត់បង់ក៏ដោយ។
ការស្អប់ និងការបដិសេធបានបំផ្លាញការរួបរួមរបស់មនុស្សជាតិ។ នៅលើឈើឆ្កាង ព្រះយេស៊ូបានទទួលយកការស្អប់ និងការបដិសេធទាំងនេះមកលើព្រះអង្គ ដោយកសាងការរួបរួមឡើងវិញ រហូតដល់គ្រានៃទុក្ខវេទនាដ៏ខ្លាំងបំផុតក៏ដោយ។
នៅលើឈើឆ្កាង ព្រះយេស៊ូផ្ញើសាវ័កដែលព្រះអង្គស្រឡាញ់ ឱ្យទៅមាតារបស់ព្រះអង្គទុកដូចជាកូនប្រុសម្នាក់ទៀត ហើយសាវ័កនោះដែលតំណាងឱ្យសាវ័កទាំងអស់នាពេលអនាគតដែលព្រះអង្គស្រឡាញ់ ក៏បានទទួលនាងមកស្នាក់នៅផ្ទះរបស់ខ្លួន។ គ្រួសារថ្មីមួយបានកើតឡើង៖ គឺជាសហគមន៍របស់អស់អ្នកដែលជឿលើព្រះយេស៊ូ គឺជាព្រះសហគមន៍ ដែលកើតចេញពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យជាងទុក្ខវេទនា មិនមែនកើតចេញពីជ័យជម្នះរបស់មនុស្សឡើយ។ តើព្រះជាម្ចាស់អាចបដិសេធនរណាមិនឱ្យចូលរួមក្នុងការរួបរួមបែបនេះ?
នៅក្នុងព្រះសហគមន៍ ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យនៅក្បែររបស់អស់អ្នកដែលកំពុងរងទុក្ខ និងជនរងគ្រោះនៃអយុត្តិធម៌។ យើងទាំងអស់គ្នាជាមនុស្ស ដែលព្រះអង្គត្រាស់ហៅឱ្យទទួលគ្នាទៅវិញទៅមកដោយភាពត្រឹមត្រូវ និងសមធម៌ ដោយគោរពសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។
ព្រះយេស៊ូបានសម្រេចកិច្ចការរបស់ព្រះអង្គខណៈពេលដែលព្រះអង្គសោយទិវង្គត គឺមុនថ្ងៃសប្ប័ទ ដែលជាថ្ងៃទីប្រាំពីរនៃសប្តាហ៍ ដូចពេលព្រះជាម្ចាស់បានបញ្ចប់កិច្ចបង្កើតពិភពលោកនៅថ្ងៃទីប្រាំពីរ ដោយទ្រង់ទតឃើញថាអ្វីៗទាំងអស់ “ល្អប្រសើរបំផុត”។ ដោយព្រះយេស៊ូបូជាព្រះជន្មនៅលើឈើឆ្កាង ទ្រង់ក៏ចាប់ផ្តើមបង្កើតអ្វីៗទាំងអស់សាជាថ្មី។ ព្រះអង្គសោយទិវង្គតដោយអំពើហិង្សា ប៉ុន្តែ “ទន្លេនៃទឹកដ៏មានជីវិត” ផុសចេញពីព្រះកាយរបស់ព្រះអង្គ ទឹកនេះជាព្រះវិញ្ញាណដ៏វិសុទ្ធដែលស្តាផែនដីសាជាថ្មីឡើងវិញ។
គេដាក់ព្រះសពព្រះយេស៊ូក្នុងផ្នូរថ្មីមួយ នៅក្នុងសួនច្បារ — ជាសួនច្បារដែលព្រះជាម្ចាស់កំពុងប្រែ។ នៅក្នុងភាពស្ងៀមស្ងាត់នៃថ្ងៃទីប្រាំពីរដែលបន្ទាប់មក អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក អ្វីៗ(ព្រមទាំងយើង)ដែលកំពុងរងរបួស អ្វីៗដែលព្រះអង្គបានប្រគល់ឱ្យយើងថែរក្សា ក៏បានចាប់ផ្តើមផ្លាស់ប្តូរយ៉ាងស្ងាត់ៗ។
ឱព្រះគ្រីស្តយេស៊ូអើយ! ព្រះអង្គបានបូជាព្រះជន្មសម្រាប់យើងម្នាក់ៗ ហើយព្រះអង្គបង្ហាញយើងឱ្យឃើញថា ព្រះអង្គប្តេជ្ញាព្រះហឫទ័យសង្រ្គោះមនុស្សមែន។ សូមឱ្យយើងខ្ញុំនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ រួមជាមួយមាតាម៉ារី និងសាវ័កដែលព្រះអង្គស្រឡាញ់ ដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គចំពោះយើងខ្ញុំ។
តើព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យនៅជាមួយនរណាខ្លះ? តើយើងដកបទពិសោធន៍នៃសហគមន៍តាមរបៀបណា? និស្សិតអាចចែករំលែកផ្ទះស្នាក់នៅជាមួយគ្នា អធិដ្ឋាន និងទទួលទានអាហាររួមគ្នា ជាពិសេសជាមួយនិស្សិតដែលមកពីប្រទេសផ្សេងៗ។ អ្នកផ្សេងទៀតជួបជុំគ្នាជារៀងរាល់សប្តាហ៍នៅក្នុងផ្ទះណាមួយ។ ដោយមានចិត្តសាមញ្ញ ចូរយើងទទួលយកអស់អ្នកដែលមានអារម្មណ៍ថា ត្រូវបានគេបោះបង់ចោល ដើម្បីយកឈ្នះលើអារម្មណ៍នៃអយុត្តិធម៌។
ស្វែងរកសន្តិភាព
យើងប្រាថ្នាចង់បានសន្តិភាព ទាំងសន្តិភាពក្នុងចិត្ត និងសន្តិភាពនៅក្នុងពិភពលោកនេះ ដែលព្រះជាម្ចាស់ស្រឡាញ់យ៉ាងខ្លាំង។ នៅសតវត្សរ៍ទី ៤ អ្នកជឿម្នាក់ធ្លាប់និយាយថា៖ “ចូរចាប់ផ្ដើមកិច្ចការសន្តិភាពនៅក្នុងខ្លួនអ្នកជាមុនសិន ដើម្បីឱ្យអ្នកអាចនាំសន្តិភាពទៅកាន់អ្នកដទៃបាន”។
នៅពេលដែលព្រះយេស៊ូជួបនាងម៉ារី ម៉ាដាឡា នៅក្នុងសួនច្បារនៅព្រឹកថ្ងៃបុណ្យចម្លង ព្រះអង្គបានសួរនាងថា៖ “នាងអើយ! ហេតុអ្វីបានជានាងយំ? តើនាងស្វែងរកអ្នកណា?”។ ទឹកភ្នែករបស់នាងប្រែមកជាអំណរវិញ នៅពេលដែលនាងយល់ថា ព្រះអង្គដែលនាងប្រាថ្នាចង់ជួបយ៉ាងខ្លាំងនោះ សេចក្តីស្លាប់មិនបានយកឈ្នះឡើយ។ បន្ទាប់មក ព្រះយេស៊ូចាត់នាងឱ្យទៅប្រកាសមិត្តភក្តិឯទៀតរបស់ព្រះអង្គ អំពីអ្វីដែលនាងបានឃើញ និងបានឮ។
បន្តិចក្រោយមក នៅពេលដែលព្រះអង្គបានជួបពួកគេសារជាថ្មី ខណៈដែលពួកគេនៅតែភ័យខ្លាច ព្រះបន្ទូលដំបូងរបស់ព្រះអង្គគឺ៖ “សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!”។ ដោយយាងមកជិតពួកគេក្នុងពេលដែលពួកគេកំពុងភ័យខ្លាច ព្រះអង្គបានបើកចិត្តពួកគេឱ្យទទួលសន្តិភាពនៃវត្តមានរបស់ព្រះអង្គ។ ដោយផ្លុំព្រះវិញ្ញាណដ៏វិសុទ្ធទៅលើពួកគេ ព្រះអង្គបានឱ្យពួកគេទទួលខុសត្រូវបន្តកិច្ចការផ្សះផ្សារបស់ព្រះអង្គ។
សន្តិភាពដែលព្រះយេស៊ូបានសន្យាជាមួយពួកគេមុនពេលព្រះអង្គសោយទិវង្គត គឺជា “សន្តិភាពដែលលោកីយ៍មិនអាចផ្តល់ឱ្យបាន”។ សន្តិភាពនេះលើសពីអវត្តមាននៃជម្លោះ។ ក្នុងព្រះគម្ពីរ ពាក្យ “Shalom” មានន័យថា ការស្តារឡើងវិញ និងភាពពេញលេញ។ គឺជាសន្តិភាពរបស់ព្រះជាម្ចាស់ដែលព្រះអង្គផ្ញើទុកឱ្យយើង ដើម្បីឱ្យយើងអាចដាំដុះ និងធ្វើឱ្យសន្តិភាពនេះលូតលាស់ឡើង។
នៅពេលដែលយើងជួយអ្នកដទៃឱ្យរកឃើញសេរីភាព និងសន្តិភាពដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យពួកគេ នៅពេលដែលយើងធ្វើអ្វីៗដែលយើងអាចធ្វើបានដើម្បីរំលាយរបាំងនៃភាពជាសត្រូវ ឬជញ្ជាំងដែលបង្ខាំងពួកគេ នោះយើងកំពុងចូលរួមនៅក្នុងព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ នៅពេលដែលយើងសម្លឹងមើលអ្វីៗដែលព្រះជាម្ចាស់បានបង្កើតដោយក្តីស្ញប់ស្ញែង និងចេះដឹងគុណ ព្រមទាំងយកចិត្តទុកដាក់ថែរក្សាអ្វីៗទាំងអស់នោះ យើងក៏កំពុងដើរលើផ្លូវតែមួយ។
យើងទាំងអស់គ្នាត្រូវការជ្រមុជខ្លួនក្នុងសន្តិភាពដែលព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញសន្យាចំពោះយើងម្នាក់ៗ។ ហេតុនេះ យើងអាចដើរជាមួយគ្នា និងកំដរគ្នាទៅវិញទៅមក ដោយសាបព្រោះសេចក្តីសង្ឃឹមបន្តិចម្តងៗ។ ទោះជាតាមរយៈកិច្ចការដ៏សាមញ្ញបំផុត តើយើងនឹងស្វែងរកឱ្យទៅជាសញ្ញានៃការផ្សះផ្សា ជាអ្នកធម្មយាត្រានៃសន្តិភាព តាមរបៀបរៀងៗខ្លួន នៅទីណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យយើងនៅដែរឬទេ?
ចូរយើងស្តាប់សំឡេងរបស់អស់អ្នកដែលកំពុងរងទុក្ខពីជម្លោះដ៏សាហាវ ឬពីអំពើហិង្សាដែលយើងជួបប្រទះក្នុងសង្គមរបស់យើង។ ឧទាហរណ៍៖ ដោយការរក្សាទំនាក់ទំនងជាមួយមនុស្សដែលរស់នៅក្នុងតំបន់សង្គ្រាម។ ចូរយើងគាំទ្រអស់អ្នកដែលតស៊ូ ដើម្បីយុត្តិធម៌ក្រោមរបបគាបសង្កត់ ឬរបបដែលលើកកម្ពស់សង្គ្រាម។ តើសាក្សីខ្លះទាំងនេះត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ពួកគេដែរឬទេ? ចូរយើងរៀបចំពិធីអធិដ្ឋានសម្រាប់ដើម្បីសន្តិភាព និងទទួលសក្ខីកម្មមួយចំនួនទាំងនេះ។ ចូរយើងស្តាប់អ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលមកកាន់យើងនៅថ្ងៃនេះ។
ឱព្រះជាម្ចាស់នៃសេចក្តីស្រឡាញ់អើយ! សូមព្រះអង្គប្រទានព្រះពរដល់យើងខ្ញុំ។ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ សូមដឹកនាំជំហានរបស់យើងខ្ញុំជានិច្ច ខណៈដែលយើងខ្ញុំដើរជាមួយព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ សូមឱ្យយើងខ្ញុំក្លាយជាអ្នកធម្មយាត្រានៃសេចក្តីសង្ឃឹម និងជាអ្នកធម្មយាត្រានៃសន្តិភាព។
發佈於 25 កុម្ភៈ 2026